គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

វត្តមានសហគ្រាសប៉េប៉េអឹមក្នុងទិវាឯកទេសព្យាបាល និងវះកាត់ជំងឺឆ្អឹងដែលកើតឡើងចំពោះកុមារនៅប្រទេសបេណាំង

កាលបរិច្ឆេទ: ០៨ ឧសភា ២០២៥ / សុខភាព / Author : ATH Sokren

ទិវាឯកទេសព្យាបាល និងវះកាត់ជំងឺឆ្អឹងដែលកើតឡើងចំពោះកុមារនៅប្រទេសបេណាំងលើកទីមួយត្រូវបានប្រារព្វឡើងកាលពីខែមេសា ឆ្នាំ២០២៥។ វាគឺជាសញ្ញានៃការវិត្តន៍មួយដ៏សំខាន់សម្រាប់ការព្យាបាលជំងឺឆ្អឹងដែលកើតឡើងលើកុមារនៅប្រទេសបេណាំង។ រៀបចំឡើងពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ នៅនាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវសុខភាព ព្រឹត្តិការណ៍នេះប្រមូលផ្តុំទៅដោយគ្រូពេទ្យជំនាញថ្នាក់ជាតិ និងអន្តរជាតិ ស្ថាប័ននានាដែលជាដៃគូ និងសង្គមស៊ីវីលដែលធ្វើការទាក់ទងនឹងសុខភាពកុមារ។

គោលបំណងសំខាន់នៃទិវានេះគឺដើម្បីផ្តោះប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ផ្តល់វគ្គបណ្តុះបណ្តាលបន្ថែម និងបង្កើតបណ្តាញគ្រូពេទ្យជំនាញផ្នែកជំងឺឆ្អឹងរបស់កុមារ។

កម្មវិធីរួមមាន សន្និសីទ វគ្គអនុវត្តជាក់ស្តែង វេទិកាតុមូល និងបទបង្ហាញពីករណីជំងឺមួយចំនួន ដែលអាចឱ្យអ្នកចូលរួមលើកឡើងពីប្រធានបទផ្សេងៗដូចជា ភាពមិនប្រក្រតីពីកំណើត របួសផ្លូវចិត្ត ការធ្វើនវានុវត្តន៍ផ្នែកវះកាត់ និងការស្តារកាយសម្បទាឡើងវិញ។

ជោគជ័យនៃព្រឹត្តិការណ៍នេះបានមកពីការចូលរួមយ៉ាងសកម្មរបស់ដៃគូសហការជាច្រើន មានដូចជា សមាគមគ្រូពេទ្យវះកាត់កុមារនៃប្រទេសបេណាំង និងសមាគមគ្រួពេទ្យកុមារនៃប្រទេសបេណាំង អ្នករៀបចំព្រឹត្តិការណ៍ ក្រុមគ្រូពេទ្យស្វីស និងអឺរ៉ុបជាពិសេសគ្រូពេទ្យមកពីមូលនិធិ CEA និងសមាគមន៍ la Chaîne de l’Espoir Belgique ដែលធ្លាប់បានចូលរួមចំណែកក្នុងការងារវះកាត់លើកមុនៗ និងធ្លាប់បានផ្តល់វគ្គបណ្តុះបណ្តាលដល់គ្រូពេទ្យនៅក្នុងស្រុក មានមណ្ឌលសុខភាពស្រុក Zou (ហៅកាត់ថាCHDZ ) ដែលទទួលស្វាគមន៍បេសកកម្មជាច្រើន និងដើរតួយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលផ្នែកអនុវត្តជាក់ស្តែងដល់គ្រូពេទ្យនៃប្រទេសបេណាំង និងមានអង្គការក្រៅរដ្ឋាភិបាល និងសមាគមដៃគូ ដែលបានគាំទ្រដល់ការអភិវឌ្ឍន៍សេវាព្យាបាលឯកទេស និងសេវាវះកាត់ជំងឺឆ្អឹងសម្រាប់កុមារងាយរងគ្រោះ។

ក្រៅពីការពិភាក្សាផ្តោះប្តូរយោបល់ផ្នែកវិទ្យាសាស្រ្ត ទិវានេះក៏ជាឱកាសមួយសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្រូពេទ្យជំនាញនៃប្រទេសបេណាំង និងសហការីមកពីបណ្តាប្រទេសផ្សេងៗទៀត និងបំផុសស្មារតីអាជ្ញាធរសុខាភិបាលឱ្យយល់ដឹងពីសារសំខាន់នៃការវិនិយោគទៅលើឯកទេសព្យាបាល និងវះកាត់ជំងឺឆ្អឹងរបស់កុមារ។​ វគ្គអនុវត្តផ្ទាល់បានបង្កភាពងាយស្រួលក្នុងការផ្ទេរចំណេះដឹង ហើយកុមារនៅបេណាំងជាច្រើនទទួលបានសេវារោគវិនិច្ឆ័យ ឬសេវាវះកាត់នៅក្នុងឱកាសនោះដែរ។

អ្នករៀបចំព្រឹត្តិការណ៍បានសម្តែងពីឆន្ទៈចង់បន្តឱ្យមានទិវានេះជារៀងរហូត ពោលគឺរៀបចំមួយឆ្នាំម្តងដើម្បីលើកកម្ពស់សុខភាពកុមារនៅបេណាំង ក៏ដូចជានៅអនុតំបន់ផងដែរ៕